នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ តាក់តែងឡើងមានគោលបំណងដើម្បីធានាបាននូវចីរភាពនៃការកៀរគរប្រមូលចំណូលនិងកំណើនសេដ្ឋកិច្ច, ការប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌, និងសមធម៌សង្គម ព្រមទាំងបន្តលើកកម្ពស់គុណភាពសេវាជូនអ្នកជាប់ពន្ធឱ្យមានភាពសាមញ្ញនិងងាយស្រួលក្នុងការបង់ពន្ធស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល។ ចំណែកឯសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ រៀបចំឡើងដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករនិងសវនកម្មកិច្ចលទ្ធកម្ម ចំណែកស្ថាប័នអនុវត្តលទ្ធកម្មនឹងត្រូវបានផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវជាមួយនឹងគណនេយ្យភាពពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន